សាលាដំបូងរាជធានីភ្នំពេញ ចេញដីកាឃុំខ្លួនបុរសម្នាក់ដាក់ពន្ធនាគារបណ្ដោះអាសន្ន ពាក់ព័ន្ធនឹងការបង្ហោះព័ត៌មានមិនពិតនៅលើបណ្ដាញសង្គមយូធូប (YouTube Channel) ដើម្បីរកប្រាក់ចំណូលពីបណ្ដាញសង្គមនេះ ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់រាជរដ្ឋាភិបាល។
ដីកាបង្គាប់ឲ្យឃុំខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក យ៉ិន សារឿន ចេញនៅថ្ងៃអាទិត្យ ទី៣១ ខែមីនា និងត្រូវបានសារព័ត៌មាន Fresh News ចុះផ្សាយ ឲ្យដឹងថា តុលាការសម្រេចឃុំខ្លួនបុរសឈ្មោះ វឿន គឹមលន់ បណ្ដោះអាសន្ននៅមណ្ឌលអប់រំកែប្រែទី១ (ម១ ឬហៅថាពន្ធនាគារព្រៃស) បន្ទាប់ពីព្រះរាជអាជ្ញាដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ “ការញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍“។
លោក វឿន គឹមលន់ ប្រឈមមុខនឹងការជាប់ពន្ធនាគារពី ៦ខែទៅ ២ឆ្នាំ និងពិន័យជាប្រាក់ចន្លោះពី ១លានរៀល ដល់ ៤លានរៀល ប្រសិនបើត្រូវបានផ្ដន្ទាទោសតាមបទចោទខាងលើ។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយនឹងកម្លាំងនគរបាលព្រហ្មទណ្ឌខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួនលោក វឿន គឹមលន់ កាលពីថ្ងៃ២៦ ខែមីនា នៅភូមិព្រហូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ការឃាត់ខ្លួននេះ គឺអនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួនបំភ្លឺលេខ ០៩៨ របស់ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ លោក កែវ សុធា ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ដែលមានលោក វឿន គឹមលន់ ពាក់ព័ន្ធនឹងការបង្ហោះព័ត៌មានមិនពិតនៅលើបណ្ដាញសង្គមដើម្បីរកប្រាក់ចំណូលដែលនាំឲ្យអសន្តិសុខ និងវាយប្រហារលើថ្នាក់ដឹកនាំដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់រាជរដ្ឋាភិបាល។
នៅថ្ងៃទី៣១ ខែមីនា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនសង្ស័យ វឿន គឹមលន់ ជាបណ្ដោះអាសន្ន។ ជនសង្ស័យ គឹមលន់ ត្រូវបានតុលាការដាក់ឲ្យស្ថិតក្រោមការពិនិត្យពីបទ “ការញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ (ប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម) “ ប្រព្រឹត្តនៅរាជធានីភ្នំពេញអំឡុងឆ្នាំ២០១៨-២០១៩ បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា៤៩៤ និងមាត្រា៤៩៤ នៃក្រមព្រហ្មទណ្ឌ។
មាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ ចែងពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ចែងថា «អំពើញុះញង់ដោយផ្ទាល់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមធ្យោបាយណាមួយក្នុងចំណោមមធ្យោបាយដែលមានចែងក្នុងមាត្រា ៤៩៤ (លក្ខខណ្ឌអត្ថិភាពនៃការញុះញង់) នៃក្រមនេះ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ខែទៅ ២ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀលទៅ ៤លានរៀល ប្រសិនបើការញុះញង់នេះគ្មានប្រសិទ្ធភាពទេ។»
ជនសង្ស័យ វឿន គឹមលន់ មានអាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មានមុខរបរជាកសិករ កើតនៅភូមិត្រពាំងស្នួល ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ និងមានទីលំនៅបច្ចុប្បន្ននៅភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់លោកអ្នកឲ្យបានដឹងអំពីព័ត៌មាននេះផង។ សូមអរគុណ!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.netទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕