បុរសម្នាក់ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធនឹងករណីបង្ហោះព័ត៌មានមិនពិតនៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) និងបណ្ដាញសង្គមយូធូប (YouTube) ក្នុងគោលបំណងរកប្រាក់ចំណូលពីបណ្ដាញសង្គមទាំងនេះ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ប្រកាសនៅថ្ងៃទី៣០ ខែមីនា នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ឲ្យដឹងថា នគរបាលនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយនឹងកម្លាំងនគរបាលព្រហ្មទណ្ឌខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួនជនសង្ស័យម្នាក់រស់នៅភូមិព្រហូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ទាក់ទងនឹងការបង្ហោះព័ត៌មានមិនពិតនៅលើបណ្ដាញសង្គម។
ការឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់នេះ បន្ទាប់ពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ លោក កែវ សុធា ចេញដីកាបញ្ជាឲ្យចូលខ្លួនលេខ ០៩៨ ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ដែលមានឈ្មោះ វឿន គឹមលន់ ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅមូលដ្ឋានខាងលើ ពាក់ព័ន្ធនឹងការបង្ហោះព័ត៌មានមិនពិតក្នុងគោលបំណងតែរកប្រាក់ចំណូលផ្ទាល់ខ្លួននៅលើហ្វេសប៊ុក និងយូធូប។
សេចក្ដីប្រកាសដដែលនេះឲ្យដឹងទៀតថា គោលបំណងរបស់ជនសង្ស័យដែលបង្ហោះព័ត៌មានមិនពិតនៅលើបណ្ដាញសង្គមហ្វេសប៊ុក និងយូធូប គឺដើម្បីទាក់ទាញការចុចចូលចិត្ត (Like) ចែករំលែក (Share) និងការទស្សនាវីដេអូឲ្យបានច្រើន ដើម្បីខ្លួនទទួលបានប្រាក់ចំណូលពីបណ្ដាញសង្គមទាំងអស់នេះ ដែលនាំឲ្យអសន្តិសុខ និងវាយប្រហារលើថ្នាក់ដឹកនាំ ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់រាជរដ្ឋាភិបាលកម្ពុជា។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បញ្ជាក់ថា បច្ចុប្បន្ន នាយកដ្ឋានកំពុងកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យរូបនេះទៅតុលាការ។
កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ នាយកដ្ឋានក៏បានឃាត់ខ្លួនជនសង្ស័យម្នាក់ដែលគំរាមយកប្រាក់ពីជនរងគ្រោះ ដោយព្រមានបង្ហោះរូបភាព និងវីដេអូអាក្រាតរបស់ជនរងគ្រោះនៅលើបណ្ដាញសង្គម បន្ទាប់ពីជនសង្ស័យបោកប្រាស់បានពីជនរងគ្រោះ។
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់លោកអ្នកឲ្យបានដឹងអំពីព័ត៌មាននេះផង។ សូមអរគុណ!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.netទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕