ហេគឃឺ (Hacker) ម្នាក់ ប្រកាសថានឹងលុបគណនីហ្វេសប៊ុករបស់មេហ្វេសប៊ុក គឺលោក Mark Zuckerberg ហើយនឹងផ្សាយវីដេអូផ្ទាល់ពីការ hack នោះទៀតផងនៅថ្ងៃអាទិត្យ សប្ដាហ៍នេះ។
ជនជាតិតៃវ៉ាន់ (Taiwan) ឈ្មោះ Chang Chi-yuan ដែលជា hacker ម្នាក់ត្រូវបានគេស្គាល់ថាជា hacker ដែលស្វែងរកកំហុសឆ្គង (bugs) និងរាយការណ៍កំហុសឆ្គងដែលរកឃើញនោះ ដើម្បីប្រាក់កម្រៃ បានប្រកាសនៅលើគណនីហ្វេសប៊ុកខ្លួនដែលមានអ្នកតាមដានរហូតដល់ ២៦០០០នាក់អំឡុងពេលបង្ហោះសារនៅថ្ងៃពុធ ទី២៦ ខែកញ្ញា ឆ្នាំ២០១៨ គំរាមថានឹងលុបគណនីហ្វេសប៊ុក (Facebook) របស់នាយកប្រតិបត្តិក្រុមហ៊ុនហ្វេសប៊ុក លោក Mark Zuckerberg ហើយនឹងផ្សាយផ្ទាល់ពីការលុបគណនីហ្វេសប៊ុកនេះទៀតផងនៅថ្ងៃអាទិត្យ ទី៣០ ខែកញ្ញា នេះ នៅម៉ោង ៦រសៀលម៉ោងនៅតៃវ៉ាន់ ត្រូវនឹងម៉ោង ៥រសៀលម៉ោងនៅកម្ពុជា។
យ៉ាងនេះក្ដី Hacker ម្នាក់នេះមិនបានផ្ដល់ព័ត៌មានបន្ថែមអំពីរបៀបដែលគាត់នឹងសម្រេចបាននូវគោលបំណងរបស់គាត់នោះទេ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Business Insider នៅថ្ងៃទី២៨ ខែកញ្ញា។
អានអត្ថបទផ្សេងទៀត៖
- អ្នកលក់ផលិតផលអនឡាញ អាចនឹងត្រូវបង់ពន្ធនៅពេលខាងមុខ
- របៀបឆែកមើលថាតើមានគេលួច hacked ចូលគណនីហ្វេសប៊ុកដែរឬអត់
- ចាក់សោគណនីហ្វេសប៊ុកពីរជាន់ជាមួយកម្មវិធី authy 2fa
កន្លងទៅ Hacker ម្នាក់នេះត្រូវបានក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គម Line Corp របស់ជប៉ុន ដាក់ឈ្មោះឲ្យថា ជាអ្នកចូលរួមដ៏ពិសេស ដោយសារបុរសម្នាក់នេះបានជួយស្វែងរកកំហុសឆ្គងឲ្យក្រុមហ៊ុនរបស់ខ្លួន។ មិនត្រឹមតែប៉ុណ្ណេះទេ បុរស hacker ម្នាក់នេះក៏ធ្លាប់ត្រូវបានក្រុមហ៊ុនឡានក្រុងមួយ ប្ដឹងចោទពីបទបានលួចចូលប្រព័ន្ធលក់សំបុត្រឡានក្រុង ហើយទិញសំបុត្រក្នុងតម្លៃ ១ដុល្លារតៃវ៉ាន់ (ប្រហែល ៣សេនដុល្លារសហរដ្ឋអាមេរិក) ទៀតផង។
តើ hacker ម្នាក់នេះអាចលុបគណនីហ្វេសប៊ុករបស់លោក Mark បានតាមការប្រកាសរបស់គាត់ដែរឬអត់? ដើម្បីដឹងអំពីការហេគនេះ មានតែចាំមើលទាំងអស់គ្នានៅថ្ងៃអាទិត្យ នេះទេ។ ហើយប្រសិនបើគាត់ hack បានសម្រេចមែននោះ មានន័យថា គណនីហ្វេសប៊ុករបស់លោក Mark ត្រូវបានគេ hack ពីរដង ដោយលើកទីមួយ គឺនៅឆ្នាំ២០១១ មាន hacker ម្នាក់ hack ចូលគណនីហ្វេសប៊ុករបស់លោក ហើយសរសេរសារជាភាសាអង់គ្លេសថា “Let the hacking begin” ម្ដងរួចមកហើយ។
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់លោកអ្នកឲ្យបានដឹងអំពីព័ត៌មាននេះផង។ សូមអរគុណ!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕