ម្ចាស់ WikiLeaks ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ទីក្រុង​ឡុងដ៍​បន្ទាប់​ពី​បាត់​សិទ្ធិ​ជ្រក​កោន

លោក​បាន​ទម្លាយ​ឯកសារ​សម្ងាត់​របស់​បុគ្គល​ល្បីៗ គណបក្ស​នយោបាយ និង​ស្ថាប័ន​រដ្ឋាភិបាល​នានា​ទូទាំង​ពិភពលោក​នៅ​លើ​វេបសាយ​មួយ​នេះ។

1734
លោក Julian Assange លើក​មេដៃ​នៅ​ក្នុង​ឡាន​ប៉ូលិស។ Credit: REUTERS
លោក Julian Assange លើក​មេដៃ​នៅ​ក្នុង​ឡាន​ប៉ូលិស។ Credit: REUTERS

ស្ថាបនិក​វេបសាយ WikiLeaks ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បញ្ចេញ​ឯកសារ​សម្ងាត់​របស់​សហរដ្ឋ​អាមេរិក គឺ​លោក Julian Assange ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ស្ថានទូត​ប្រទេស​អេក្វាទ័រ (Ecuadorian) ប្រចាំ​នៅ​ទីក្រុង​ឡុងដ៍ (London) ប្រទេស​អង់គ្លេស កន្លែង​ដែល​លោក​លាក់​ខ្លួន​អស់​រយៈពេល​ជិត ៧​ឆ្នាំ។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

នៅ​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០១៩ ប៉ូលិស​ចក្រភព​អង់គ្លេស បាន​ចាប់​ខ្លួន​លោក Julian Assange ភ្លាមៗ​បន្ទាប់​ពី​រដ្ឋាភិបាល​ប្រទេស​អេក្វាទ័រ ដក​សិទ្ធិ​សុំ​ជ្រក​កោន​ពី​លោក និង​តាម​ដីកា​របស់​តុលាការ​កាល​ពី​ឆ្នាំ​២០១២។ លោក Assange លាក់​ខ្លួន​ក្នុង​ស្ថានទូត​នេះ​ជិត ៧​ឆ្នាំ ដើម្បី​គេច​ពី​ការ​បញ្ជូន​ទៅ​កាន់​ប្រទេស​ស៊ុយអែត (Sweden) ពាក់ព័ន្ធ​នឹង​រឿង​រំលោភ​ផ្លូវ​ភេទ។

ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​ប៉ូលិស​ទីក្រុង​ឡុងដ៍ ចាប់​ខ្លួន​លោក Assange សហរដ្ឋ​អាមេរិក បាន​ចោទ​ប្រកាន់​ស្ថាបនិក​វេបសាយ WikiLeaks រូប​នេះ​ពី​បទ​ជាប់​ទាក់ទិន​នឹង​ការ​បញ្ចេញ​ព័ត៌មាន​សម្ងាត់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​សហរដ្ឋ​អាមេរិក។ នៅ​ឆ្នាំ​២០១០ WikiLeaks បាន​បញ្ចេញ​កំណត់ត្រា​យោធា​ដ៏​ច្រើន​របស់​សហរដ្ឋ​អាមេរិក ដូចជា​សង្គ្រាម​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន និង​អ៊ីរ៉ាក់ ការ​វាយ​តម្លៃ​ជន​សង្ស័យ​ជា​ភេរវជន​ដែល​ត្រូវ​បាន​សហរដ្ឋ​អាមេរិក ឃុំ​ខ្លួន​ក្នុង​គុក​នៅ​ច្រក​សមុទ្រ Guantanamo នៃ​ប្រទេស​គុយបា រួម​ទាំង​តេឡេក្រាម​របស់​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក ចំនួន ២​សែន ៥​ម៉ឺន​ទៀត។

ក្រសួង​យុត្តិធម៌​អាមេរិក ក៏​បាន​ចោទ​លោក Assange ពី​បទ​រួម​គំនិត​គ្នា​ជាមួយ​អតីត​អ្នក​វិភាគ​ការ​ស៊ើបការណ៍​សម្ងាត់​យោធា​របស់​សហរដ្ឋ​អាមេរិក លោកស្រី Chelsea Manning ដើម្បី​បំបែក​លេខ​កូដ​សម្ងាត់​ដែល​ផ្ទុក​នៅ​លើ​កុំព្យូទ័រ​របស់​ក្រសួង​ការពារ​ប្រទេស​សហរដ្ឋ​អាមេរិក ដែល​ភ្ជាប់​ទៅ​កាន់​បណ្ដាញ​អ៊ីនធឺណិត​សម្ងាត់​របស់​រដ្ឋាភិបាល​អាមេរិក (Secret Internet Protocol Network) ក្នុង​ការ​លួច​យក​ឯកសារ​សម្ងាត់ និង​ការ​ទាក់ទង​របស់​រដ្ឋាភិបាល។

កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១២ លោក Julian Assange បាន​សុំ​សិទ្ធិ​ជ្រកកោន​ក្នុង​ស្ថានទូត​ប្រទេស​អេក្វាទ័រ ប្រចាំ​ទីក្រុង​ឡុងដ៍ ដើម្បី​គេច​ពី​ការ​បញ្ជូន​ខ្លួន​ទៅ​ឲ្យ​តុលាការ​ប្រទេស​ស៊ុយអែត កាត់​ទោស​ពី​បទ​រំលោភ​ផ្លូវ​ភេទ។ ទោះ​យ៉ាង​ណា លោក​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ និង​បាន​ចោទ​ស៊ុយអែត ថា​មាន​បំណង​បញ្ជូន​ខ្លួន​លោក​ទៅ​កាន់​សហរដ្ឋ​អាមេរិក។

លោក Julian Assange អាយុ ៤៧​ឆ្នាំ ជា​ហេគឃឺ​ជនជាតិ​អូស្ត្រាលី (Australian hacker) និង​បាន​បង្កើត​វេបសាយ WikiLeaks នៅ​ឆ្នាំ​២០០៦។ លោក​បាន​ទម្លាយ​ឯកសារ​សម្ងាត់​របស់​បុគ្គល​ល្បីៗ គណបក្ស​នយោបាយ និង​ស្ថាប័ន​រដ្ឋាភិបាល​នានា​ទូទាំង​ពិភពលោក​នៅ​លើ​វេបសាយ​មួយ​នេះ។

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​អ្នក​ឲ្យ​បាន​ដឹង​ផង។ សូម​អរគុណ..!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.netទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។