ចិន គ្រោងបង្ហោះព្រះចន្ទសិប្បនិម្មិត ដើម្បីបំភ្លឺទីក្រុងមួយនៅឆ្នាំ២០២០ ជំនួសឲ្យអំពូលភ្លើងបំភ្លឺតាមផ្លូវ និងក្នុងគោលបំណងកាត់បន្ថយចំណាយលើថាមពលអគ្គិសនី។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានរដ្ឋរបស់ចិន នៅថ្ងៃសុក្រ នេះ។
សារព័ត៌មានចិន China Daily ឲ្យដឹងថា ទីក្រុង Chengdu ដែលស្ថិតនៅភាគនិរតីនៃខេត្ត Sichuan ប្រទេសចិន គឺកំពុងបង្កើតផ្កាយរណបបំភ្លឺ ដែលនឹងបំភ្លឺរួមគ្នាជាមួយនឹងព្រះចន្ទពិតប្រាកដ ហើយផ្កាយរណបបំភ្លឺ ឬព្រះចន្ទសិប្បនិម្មិតនេះមានសមត្ថភាពបញ្ចេញពន្លឺភ្លឺជាងព្រះចន្ទពិតប្រាកដរហូតដល់ ៨ដង។
សូមចុច Like និង See First ដើម្បីទទួលបានដំណឹង និងគន្លឹះថ្មីៗអំពីបច្ចេកវិទ្យាមុនគេ
ព្រះចន្ទសិប្បនិម្មិតដំបូងនេះ នឹងត្រូវបង្ហោះចេញពីមជ្ឈមណ្ឌលបង្ហោះផ្កាយរណប Xichange ក្នុងខេត្ត Sichuan នៅឆ្នាំ២០២០ ហើយនៅឆ្នាំ២០២២ មជ្ឈមណ្ឌលនេះគ្រោងនឹងបង្ហោះព្រះចន្ទសិប្បនិម្មិតនេះចំនួន ៣ បន្ថែមទៀត ប្រសិនបើជាព្រះចន្ទសិប្បនិម្មិតទី១ ដំណើរការល្អ។ នេះបើតាមការឲ្យដឹងពីប្រធានអង្គភាព Tian Fu New Area Science Society ដែលជាអង្គភាពទទួលខុសត្រូវលើគម្រោងនេះ។
អានអត្ថបទផ្សេងទៀត៖
- កម្ពុជា គ្រោងបាញ់បង្ហោះផ្កាយរណបដំបូងនៅឆ្នាំ២០២១
- ក្រុមហ៊ុនចិនចំនួន៣ រួមគ្នាបង្កើតអាជីវកម្មអនឡាញនៅក្រុងបាវិត
- ក្រុមរ៉ូបូតកម្ពុជាឈ្នះពានស្មើក្រុមជប៉ុនក្នុងការប្រកួតអន្តរជាតិនៅប្រទេសវៀតណាម
សារព័ត៌មាន ALJAZEERA ចុះផ្សាយនៅថ្ងៃសុក្រ ទី១៩ ខែតុលា នេះថា ផ្កាយរណបបំភ្លឺ ឬព្រះចន្ទសិប្បនិម្មិតនេះអាចជំនួសឲ្យអំពូលតាមដងផ្លូវនៅទីក្រុង និងសន្សំសំចៃថាមពលអគ្គិសនីសម្រាប់ទីក្រុង Chengdu ប្រហែល ១៧០លានដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំ ប្រសិនបើព្រះចន្ទសិប្បនិម្មិតបំភ្លឺបានទំហំ ៥០គីឡូម៉ែត្រការ៉េ។
លើសពីនេះ លោក Wu Chunfeng បន្ថែមថា ប្រភពពន្លឺនៃព្រះចន្ទសិប្បនិម្មិតនេះនឹងអាចជួយដល់កិច្ចការខិតខំប្រឹងប្រែងជួយសង្គ្រោះនៅក្នុងតំបន់ជួបគ្រោះមហន្តរាយផងដែរនៅពេលដាច់ចរន្តអគ្គិសនី។
ទោះយ៉ាងណា ប្រទេសចិន មិនមែនជាប្រទេសដំបូងទេដែលព្យាយាមបាញ់ចំណាំងផ្លាតពន្លឺព្រះអាទិត្យមកភពផែនដីនោះ។ ក្នុងទសវត្សរ៍ឆ្នាំ១៩៩០ អ្នកវិទ្យាសាស្ត្ររុស្ស៊ី ត្រូវបានរាយការណ៍ថា ធ្លាប់ប្រើកញ្ចក់ដ៏ធំដើម្បីចំណាំងផ្លាតពន្លឺពីអវកាសមកភពផែនដីក្នុងគម្រោងពិសោធន៍ដែលហៅថា Znamya ឬ Banner។
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់លោកអ្នកបានដឹងផង។ សូមអរគុណ..!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕