ព្រឹត្តិការណ៍បារខែម (BarCamp) ឬហៅថាសន្និបាតបច្ចេកវិទ្យា ការចាប់ផ្ដើមអាជីវកម្ម និងពិព័រណ៍ការងារ ត្រឡប់មកវិញហើយ។ នៅឆ្នាំ២០១៨ នេះ ព្រឹត្តិការណ៍បារខែម នឹងប្រារព្ធនៅក្នុងខេត្តសៀមរាប ដែលមានឈ្មោះថា បារខែមអង្គរ ២០១៨ (BarCamp Angkor 2018)។
ព្រឹត្តិការណ៍បារខែមអង្គរ ២០១៨ នឹងចាប់ផ្ដើមនៅថ្ងៃទី២៣ និងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ នាសាកលវិទ្យាល័យសៅស៍អ៊ីសថ៍ អេយសៀ (University of South-East Asia) ក្នុងខេត្តសៀមរាប។ លោកអ្នកអាចចូលរួមកម្មវិធីបារខែមនេះដោយសេរី និងមិនគិតថ្លៃឡើយចាប់ពីម៉ោង ៧ព្រឹករហូតដល់ម៉ោង ៥ល្ងាច។
ព្រឹត្តិការណ៍បារខែម ឬហៅថាសន្និបាតបច្ចេកវិទ្យា ការចាប់ផ្ដើមអាជីវកម្ម និងពិព័រណ៍ការងារ គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំ។ បារខែមអង្គរ ២០១៨ នេះមានគោលបំណងផ្ដល់ឱកាសឲ្យអ្នកចូលរួមទាំងអស់ចែករំលែកចំណេះដឹង បទពិសោធន៍ និងកសាងទំនាក់ទំនងរវាងអ្នកចូលរួម និងអ្នកធ្វើបទបង្ហាញទាំងនៅក្នុងប្រទេសកម្ពុជា និងនៅក្នុងតំបន់ទាំងមូល។ ម្យ៉ាងវិញទៀត ព្រឹត្តិការណ៍នេះក៏ជាព្រឹត្តិការណ៍ជួបជុំរវាងសហគ្រិនវ័យក្មេង អ្នកជំនាញខាងបច្ចេកវិទ្យា សាស្ត្រាចារ្យ និងសិស្សនិស្សិត ដើម្បីចែករំលែកចំណេះដឹងបច្ចេកវិទ្យា សហគ្រិនភាព ទេសចរណ៍ បដិសណ្ឋារកិច្ច ការចាប់ផ្ដើមជំនួញ អ៊ីនធឺណិត អាជីពការងារ រចនា និងច្នៃប្រឌិតសម្រាប់ការសិក្សា ការងារ ជាដើម។
លើសពីនេះទៀត ព្រឹត្តិការណ៍នេះក៏អាចឲ្យពួកគេស្វែងយល់ពីការជ្រើសរើសគំនិតអាជីវកម្ម ស្វែងយល់ពីការបង្កើតគំរូអាជីវកម្ម ស្វែងយល់អំពីអតិថិជន ការផលិតផលិតផល និងសេវាកម្ម ផ្សព្វផ្សាយនិមិត្តសញ្ញាអាជីវកម្ម ទីផ្សារ និងការរៀបចំគម្រោងចំណាយចាប់ផ្ដើមអាជីវកម្ម។ល។
នៅក្នុងព្រឹត្តិការណ៍បារខែមអង្គរ ២០១៨ នាខេត្តសៀមរាប ក៏មានការតាំងពិព័រណ៍ផលិតផល ឬសេវាកម្មបច្ចេកវិទ្យាថ្មីៗរបស់ម្ចាស់អាជីវកម្មខ្នាតតូចជាច្រើនស្តង់ផងដែរ។ កម្មវិធីនេះនឹងជំរុញឲ្យអ្នកចូលរួមមានគំនិត និងការស្វែងយល់បន្ថែមអំពីការបើកមុខជំនួញ អាជីវកម្ម ការច្នៃប្រឌិត បច្ចេកវិទ្យាសម្រាប់ការងារប្រចាំថ្ងៃ មុខជំនួញ និងការសិក្សាផងដែរ។
តើអ្នកចូលរួមកម្មវិធី BarCamp Angkor នេះ នឹងទទួលបានអត្ថប្រយោជន៍អ្វីខ្លះ?
- លោកអ្នកនឹងទទួលបានចំណេះដឹងថ្មីៗ គំនិតថ្មីៗ និងបានជួបអ្នកនិយមបច្ចេកវិទ្យា អ្នកទីផ្សារ អ្នកធ្វើអាជីវកម្ម អ្នកប្រើប្រាស់អ៊ីនធឺណិតធ្វើអាជីវកម្មជាដើម
- លោកអ្នកនឹងទទួលបានអាវយឺតដ៏ស្រស់ស្អាត (អាវមានកំណត់) និងវត្ថុអនុស្សាវរីយ៍ជាច្រើនទៀត
- លោកអ្នកនឹងឱកាសភ្ជាប់ទំនាក់ទំនងជាមួយវាគ្មិន និងអ្នកចូលរួមដទៃទៀតសម្រាប់អាជីវកម្ម និងបណ្ដាញការងារទៅថ្ងៃខាងមុខ
- លោកអ្នកអាចសិក្សារៀនសូត្រ និងយកបទពិសោធន៍ពីវាគ្មិនដែលបានចូលរួមកម្មវិធី
- លោកអ្នកមានឱកាសជួបអ្នកមានបទពិសោធន៍ធ្វើជំនួញ និងអ្នកបច្ចេកវិទ្យា
- លោកអ្នកមានឱកាសរៀនសូត្រពីអ្នកស្ម័គ្រចិត្ត និងអ្នករៀបចំព្រឹត្តិការណ៍បារខែមក្នុងការរៀបចំព្រឹត្តិការណ៍បច្ចេកវិទ្យាថ្មីៗ។
តើព្រឹត្តិការណ៍ BarCamp Angkor នេះមានប្រធានបទអ្វីខ្លះ និងត្រូវស្វែងរកដោយរបៀបម៉េច?
- ប្រធានបទនីមួយៗនឹងត្រូវធ្វើឡើងក្នុងបន្ទប់ផ្សេងៗគ្នា ហើយបន្ទប់សរុបមាន ១០បន្ទប់
- ប្រធានបទនីមួយៗមានរយៈពេល ១ម៉ោង
- អ្នកចូលរួមត្រូវពិនិត្យមើល និងស្វែងរកប្រធានបទដែលខ្លួនពេញចិត្តនៅលើផ្ទាំងតារាងប្រធានបទដែលអ្នករៀបចំកម្មវិធីបានបិទនៅក្នុងបរិវេណរៀបចំកម្មវិធី ឬអាចចូលទៅកាន់វែបសាយបារខែមកម្ពុជា (BarCamp Cambodia) ដើម្បីមើលប្រធានបទទាំងអស់។
ព្រឹត្តិការណ៍បារខែមចុងក្រោយដែលប្រារព្ធធ្វើនៅឆ្នាំ២០១៧ គឺនៅសាកលវិទ្យាល័យបាត់ដំបង ក្នុងខេត្តបាត់ដំបង ដែលមានឈ្មោះថា បារខែមបាត់ដំបង ២០១៧ (BarCamp Battambang 2017) កាលពីថ្ងៃទី២៥ និងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
ព្រឹត្តិការណ៍បារខែមអង្គរ ២០១៨ នេះមានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា និងសាកលវិទ្យាល័យសៅស៍អ៊ីសថ៍ អេយសៀ (University of South-East Asia) ព្រមទាំងឧបត្ថម្ភដោយក្រុមហ៊ុនសេវាទូរស័ព្ទស្មាត (Smart Axiata) ក្រុមហ៊ុនសេវាអ៊ីនធឺណិត EZECOM និងក្រុមហ៊ុនមួយចំនួនទៀត។
ព័ត៌មានបន្ថែម៖
- ទូរស័ព្ទលេខ: ០១០ ៣០៧ ៥៧៥
- Website: BarCamp Cambodia
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់លោកអ្នកឲ្យដឹងផង។ សូមអរគុណ!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕