ព្រឹត្តិការណ៍បារខែម (BarCamp) ឬហៅថាសិក្ខាសាលាបច្ចេកវិទ្យា ការចាប់ផ្ដើមអាជីវកម្ម ជិតមកដល់ទៀតហើយ គឺនឹងប្រារព្ធនៅថ្ងៃទី២៥-២៦ ខែឧសភា នេះ នៅខេត្តបន្ទាយមានជ័យ ក្នុងបរិវេណសកលវិទ្យាល័យមានជ័យ ចាប់ពីម៉ោង ៨ព្រឹកដល់ម៉ោង ៥ល្ងាច។
បារខែមបន្ទាយមានជ័យ (BarCamp BanteyMeanchey) ដែលមានរយៈពេលពីរថ្ងៃនេះ គឺផ្ដោតសំខាន់ទៅលើប្រធានបទ សិក្ខាសាលាបច្ចេកវិទ្យា និងចក្ខុវិស័យឧស្សាហកម្ម ៤.០។ អ្នកដែលមានចំណាប់អារម្មណ៍ ជាពិសេសអ្នកនៅខេត្តបន្ទាយមានជ័យ អាចចូលរួមកម្មវិធីបារខែមនេះដោយសេរី និងមិនគិតថ្លៃ ដោយគ្រាន់តែចុះឈ្មោះជាមុនតាមរយៈតំណភ្ជាប់នៅខាងក្រោមអត្ថបទនេះ។
តើបារខែមជាអ្វី?
បារខែម ជាព្រឹត្តិការណ៍ប្រចាំឆ្នាំក្នុងគោលបំណងចែករំលែកចំណេះដឹងជុំវិញបច្ចេកវិទ្យា និងការចាប់ផ្ដើមអាជីវកម្ម ដោយមានការចូលរួមពីសំណាក់វាគ្មិនចំនួន ២៥រូបមកពីបណ្ដាក្រុមហ៊ុននានានៅរាជធានីភ្នំពេញ ហើយពួកគេនឹងធ្វើបទបង្ហាញដាច់ដោយឡែកគ្នាជាង ៣០ប្រធានបទ។
អ្នកចូលរួមព្រឹត្តិការណ៍នេះនឹងទទួលបាននូវការចែករំលែកចំណេះដឹង បទពិសោធន៍ និងកសាងទំនាក់ទំនងរវាងអ្នកចូលរួម និងអ្នកធ្វើបទបង្ហាញទាំងនោះ។ ម្យ៉ាងវិញទៀត ព្រឹត្តិការណ៍នេះក៏ជាព្រឹត្តិការណ៍ជួបជុំរវាងសហគ្រិនវ័យក្មេង អ្នកជំនាញខាងបច្ចេកវិទ្យា សាស្ត្រាចារ្យ និងសិស្សនិស្សិត ដើម្បីចែករំលែកចំណេះដឹងបច្ចេកវិទ្យា សហគ្រិនភាព ទេសចរណ៍ បដិសណ្ឋារកិច្ច ការចាប់ផ្ដើមជំនួញ អ៊ីនធឺណិត អាជីពការងារ រចនា និងច្នៃប្រឌិតសម្រាប់ការសិក្សា ការងារ ជាដើម។
លើសពីនេះ អ្នកក៏នឹងទទួលបានគំនិត និងការស្វែងយល់បន្ថែមនៅក្នុងការបើកមុខជំនួញអាជីវកម្ម ការច្នៃប្រឌិត ការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការងារប្រចាំថ្ងៃ ក៏ដូចជាការសិក្សា និងមុខជំនួញផងដែរ។
តើអ្នកចូលរួមកម្មវិធីនេះ នឹងទទួលបានអត្ថប្រយោជន៍អ្វីខ្លះ?
- អ្នកនឹងទទួលបានចំណេះដឹងថ្មីៗ គំនិតថ្មីៗ និងបានជួបអ្នកនិយមបច្ចេកវិទ្យា អ្នកទីផ្សារ អ្នកធ្វើអាជីវកម្ម អ្នកប្រើប្រាស់អ៊ីនធឺណិតធ្វើអាជីវកម្មជាដើម
- អ្នកនឹងទទួលបានអាវយឺតដ៏ស្រស់ស្អាត (អាវមានកំណត់) និងវត្ថុអនុស្សាវរីយ៍ជាច្រើនទៀតពីអ្នកឧបត្ថម្ភកម្មវិធីផ្សេងៗទៀត
- អ្នកនឹងមានឱកាសភ្ជាប់ទំនាក់ទំនងជាមួយវាគ្មិន និងអ្នកចូលរួមដទៃទៀតសម្រាប់អាជីវកម្ម និងបណ្ដាញការងារទៅថ្ងៃខាងមុខ
- អ្នកអាចសិក្សារៀនសូត្រ និងយកបទពិសោធន៍ពីវាគ្មិនដែលបានចូលរួមកម្មវិធី
- អ្នកមានឱកាសជួបអ្នកមានបទពិសោធន៍ធ្វើជំនួញ និងអ្នកបច្ចេកវិទ្យា
- អ្នកមានឱកាសរៀនសូត្រពីអ្នកស្ម័គ្រចិត្ត និងអ្នករៀបចំព្រឹត្តិការណ៍បារខែមក្នុងការរៀបចំព្រឹត្តិការណ៍បច្ចេកវិទ្យាថ្មីៗ។
ព្រឹត្តិការណ៍បារខែមបន្ទាយមានជ័យ ២០១៩ មានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា និងសាកលវិទ្យាល័យមានជ័យ ព្រមទាំងឧបត្ថម្ភដោយក្រុមហ៊ុនផ្ដល់សេវាទូរស័ព្ទស្មាត (Smart Axiata) ក្រុមហ៊ុនផ្ដល់សេវាអ៊ីនធឺណិត EZECOM និងក្រុមហ៊ុនមួយចំនួនទៀតផងដែរ។
ព័ត៌មានបន្ថែម សូមទាក់ទងអ្នករៀបចំកម្មវិធីតាមរយៈ៖
- ទូរស័ព្ទលេខ ០១០ ៣០ ៧៥ ៧៥
- វេបសាយ www.barcampcambodia.org
- ចុចត្រង់នេះដើម្បីចុះឈ្មោះ
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់លោកអ្នកឲ្យដឹងផង។ សូមអរគុណ!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.netទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕