មនុស្សជាច្រើនបានត្អូញត្អែរ និងតវ៉ាថា កាមេរ៉ាទូរសព្ទស្មាតហ្វូនរបស់ពួកគេ បានបើកដំណើរនៅពេលដែលពួកគេកំពុងតែប្រើប្រាស់កម្មវិធី Facebook App។ នេះបើតាមការចុះផ្សាយរបស់វេបសាយ CNET។
វេបសាយដដែលនេះបានចុះផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឱ្យដឹងថា អ្នកប្រើប្រាស់កម្មវិធី Facebook App នៅលើ iPhone ជាច្រើនបានជួបប្រទះ និងរាយការណ៍ថា កាមេរ៉ាទូរសព្ទរបស់ពួកគេបានបើកដំណើរដោយស្វ័យប្រវត្តិនៅពីក្រោយ (background) នៅពេលដែលពួកគេកំពុងឆែកមើលព័ត៌មាននៅលើហ្វេសប៊ុក។ អ្នកប្រើប្រាស់ទាំងនោះបារម្ភថា បណ្ដាញសង្គមមួយនេះអាចនឹងប្រើប្រាស់កាមេរ៉ាទូរសព្ទរបស់ពួកគេនៅពេលពួកគេអូសចុះអូសឡើងនៅលើកម្មវិធីហ្វេសប៊ុក។
អ្នកប្រើប្រាស់ទូរសព្ទ iPhone ជាច្រើនបានបង្ហោះសារនៅលើបណ្ដាញសង្គម Twitter ដោយកត់សម្គាល់ឃើញថា កាមេរ៉ារបស់ពួកគេត្រូវបានបើកដំណើរការនៅពីក្រោយកម្មវិធីហ្វេសប៊ុក ខណៈដែលពួកគេកំពុងទស្សនាវីដេអូ ឬមើលរូបថតនៅលើហ្វេសប៊ុក។
បញ្ហានេះ កើតឡើងបន្ទាប់ពីអ្នកប្រើប្រាស់ចុចមើលវីដេអូក្នុងទម្រង់ពេញអេក្រង់ (full screen) ហើយចុចត្រឡប់មកទម្រង់ធម្មតាវិញ នោះវានឹងបង្កើតកំហុសឆ្គងមួយដែលធ្វើឱ្យ facebook’s mobile layout រំកិលទៅខាងស្ដាំ ហើយបន្សល់ចន្លោះនៅខាងឆ្វេងនៃអេក្រង់ ដែលអ្នកប្រើប្រាស់អាចមើលឃើញកាមេរ៉ាទូរសព្ទរបស់ពួកគេត្រូវបានបើកដំណើរការដោយស្វ័យប្រវត្តិ។
ទោះយ៉ាងណា អនុប្រធានផ្នែកសុចរិតភាព (Vice President of Integrity) នៃក្រុមហ៊ុនហ្វេសប៊ុក លោក Guy Rosen ឱ្យដឹងថា វាដូចជាកំហុសឆ្គងមួយ (bug) ហើយក្រុមហ៊ុនកំពុងតែត្រួតពិនិត្យលើបញ្ហានេះ។ លោកក៏បានឱ្យដឹងដែរថា ក្រុមហ៊ុនហ្វេសប៊ុកបានបញ្ជូនកំណែថ្មីដែលក្នុងន័យជួសជុលបញ្ហានេះទៅកាន់ Apple Store រួចហើយនៅថ្ងៃអង្គារ។
លោកបញ្ជាក់ថា ហ្វេសប៊ុកមិនបានផ្ដិតយករូបភាព ឬវីដេអូណាមួយពីអ្នកប្រើប្រាស់ឡើយ។
ចំណែកវេបសាយ The Next Web រាយការណ៍ថា កំហុសឆ្គងនេះកើតឡើងតែលើប្រព័ន្ធប្រតិបត្តិការ iOS ចុងក្រោយប៉ុណ្ណោះ និងមិនបានកើតឡើងចំពោះប្រព័ន្ធប្រតិបត្តិការ Android ឡើយ៕
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិ និងមនុស្សជាទីស្រឡាញ់របស់អ្នក។ សូមអរគុណ..!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីវេបសាយ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត។