ក្រុមហ៊ុន Microsoft សន្យាផ្ដល់កុំព្យូទ័រឲ្យលោកគ្រូជនជាតិហ្គាណា (Ghana) ដែលបានគូរផ្ទាំងកម្មវិធី Microsoft Word ទាំងមូលនៅលើក្ដារខៀន ដើម្បីបង្រៀនសិស្សអនុវិទ្យាល័យនៅក្នុងទីក្រុងមួយនៃប្រទេសហ្គាណា ដែលស្ថិតនៅក្នុងទ្វីបអាហ្វ្រិក ដោយសារសាលានោះគ្មានកុំព្យូទ័រសម្រាប់បង្រៀនសិស្ស។
ការសន្យាផ្ដល់កុំព្យូទ័រ និងថែមទាំងអនុញ្ញាតឲ្យលោកគ្រូជនជាតិហ្គាណា ឈ្មោះ Owura Kwadwo ដែលជាឈ្មោះហៅក្រៅនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក (Facebook) និងឈ្មោះពិតរបស់គាត់គឺ Richard Appiah Akoto អាចចូលទៅប្រើប្រាស់កម្មវិធីអប់រំរបស់ក្រុមហ៊ុន Microsoft ដែលមានឈ្មោះថា MCE (Microsoft Certified Educator) និងកម្មវិធីផ្សេងៗថែមទៀតនោះ បន្ទាប់ពីក្រុមហ៊ុន Microsoft ប្រចាំតំបន់អាហ្វ្រិក (Microsoft Africa) បានទទួលដំណឹងពីសហគ្រិនឈ្មោះ Rebecca Enonchong ដែលបានបង្ហោះ (Tweeted) សារនៅលើបណ្ដាញសង្គម Twitter និងជំរុញឲ្យក្រុមហ៊ុនផ្ដល់សម្ភារៈខ្លះដល់គ្រូបង្រៀនរូបនោះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC News។
អ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនបានកោតសរសើរលោកគ្រូជនជាតិហ្គាណានេះយ៉ាងខ្លាំង ក្រោយពីឃើញលោកគ្រូរូបនេះបង្ហោះរូបភាពនៃសកម្មភាពបង្រៀនកម្មវិធី Microsoft Word ដោយគូរផ្ទាំងទាំងមូលនៃកម្មវិធីនៅលើក្ដារខៀន និងពន្យល់លម្អិតនៃផ្នែកនីមួយៗរបស់កម្មវិធីទៅកាន់សិស្សរបស់គាត់។ ការធ្វើរបៀបនេះ គឺដោយសារតែសាលារៀនរបស់គាត់មិនមានកុំព្យូទ័រសម្រាប់បង្ហាត់សិស្សតាំងតែពីឆ្នាំ២០១១ មកម៉្លេះ ហើយសិស្សទាំងអស់តម្រូវឲ្យចេះ ICT (Information and Communication Technology) និងត្រូវប្រឡងជាប់ ICT ដែលជាផ្នែកមួយដើម្បីរៀនបន្តនៅវិទ្យាល័យ។
រូបថតបីបួនសន្លឹកដែលបង្ហាញពីសកម្មភាពគ្រូបង្រៀនម្នាក់កំពុងគូរផ្ទាំងកម្មវិធី Microsoft Word នៅលើក្ដារខៀន ដើម្បីបង្រៀនសិស្ស ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចែករំលែកបន្តពីមួយទៅមួយទូទាំងពិភពលោក។
អ្នកប្រើប្រាស់បណ្ដាញសង្គមមួយរូបទៀត បានសរសេរលើ Twitter ក្នុងន័យថា ពេលឃើញលោកគ្រូម្នាក់នេះ (Owura Kwadwo) ធ្វើឲ្យគាត់នឹកឃើញដល់សាលាមួយនៅក្នុងទីក្រុង Kano នៃប្រទេស Nigeria ក្នុងអំឡុងឆ្នាំ២០០៥ ដែលបង្ហាញ Computer Keyboard ទៅកាន់សិស្សតាមរយៈថតចម្លងរូប Keyboards នៅលើក្រដាស។
លោកគ្រូ Owura Kwadwo មានអាយុ ៣៣ឆ្នាំ និងជាគ្រូបង្រៀនផ្នែក ICT (Information and Communication Technology) នៅអនុវិទ្យាល័យ Betenase M/A ក្នុងទីក្រុង Sekyedumase នៃប្រទេសហ្គាណា (Ghana)។ សាលារៀនរបស់គាត់ពុំមានកុំព្យូទ័រទេតាំងពីឆ្នាំ២០១១។ លោកគ្រូម្នាក់នេះបាននិយាយថា នេះមិនមែនជាលើកទីមួយទេដែលគាត់គូរផ្ទាំងកម្មវិធីកុំព្យូទ័រនៅលើក្ដារខៀន។ គាត់ថាគាត់តែងតែគូរវានៅពេលគាត់ចាប់ផ្ដើមបង្រៀនសិស្សម្ដងៗ។
ទោះយ៉ាងណា លោកគ្រូ Owura Kwadwo បានបង្រៀននៅអនុវិទ្យាល័យនេះរយៈពេល ៦ឆ្នាំហើយ។
សូមជួយចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់លោកអ្នក។ សូមអរគុណ!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕