ទំនួល​ខុស​ត្រូវ និង​ការ​គិត​ពី​សុវត្ថិភាព​ក្នុង​ការ​ប្រើប្រាស់​អ៊ីនធឺណិត (វគ្គ​២)

នេះ​ជា​គោលការណ៍​ទី២ ក្នុង​ចំណោម​គោលការណ៍​សំខាន់ៗ​ទាំង​៥ នៅ​ក្នុង​សៀវភៅ​ណែនាំ​អំពី​ក្រម​សីលធម៌​សម្រាប់​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត របស់​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN Cambodia)។

3483
ការ​ទទួល​ខុស​ត្រូវ និង​ការ​គិត​ពី​សុវត្ថិភាព​ក្នុង​ការ​ប្រើប្រាស់​អ៊ីនធឺណិត។
ការ​ទទួល​ខុស​ត្រូវ និង​ការ​គិត​ពី​សុវត្ថិភាព​ក្នុង​ការ​ប្រើប្រាស់​អ៊ីនធឺណិត។

កាល​ពី​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ Tech Khmer បាន​លើក​យក​គោលការណ៍​ទី​១ ស្ដីពី​ការ​យល់​ដឹង​ពី​សុភនិច្ឆ័យ​ក្នុង​ការ​ប្រើប្រាស់​អ៊ីនធឺណិត ឬ​ហ្វេសប៊ុក (Facebook) ដែល​ដកស្រង់​ចេញ​ពី​សៀវភៅ «ណែនាំ​ស្ដីពី​ក្រម​សីលធម៌​សម្រាប់​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត» មក​បង្ហាញ​លោក​អ្នក​រួច​ហើយ។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

នៅ​ថ្ងៃ​នេះ ក្រុម​ការងារ​សូម​លើក​យក​គោលការណ៍​ទី​២ ដែល​ដកស្រង់​ចេញ​ពី​សៀវភៅ​ដដែល​នេះ​មក​បង្ហាញ​លោក​អ្នក​បន្ត​ទៀត។ គោលការណ៍​ទី​២ នេះ គឺ​សំដៅ​លើ​ការ​ទទួល​ខុស​ត្រូវ និង​ការ​គិត​ពី​សុវត្ថិភាព​របស់​លោក​អ្នក ក្នុង​ការ​ប្រើប្រាស់​អ៊ីនធឺណិត ពីព្រោះ​នៅ​លើ​បណ្ដាញ​អ៊ីនធឺណិត​គឺ​មាន​វិសាលភាព​ធំធេង​ណាស់ ហើយ​អ្នក​អាច​នឹង​ក្លាយ​ជា​ជន​រងគ្រោះ​តែ​មួយ​ប៉ប្រិច​ភ្នែក ប្រសិន​បើ​អ្នក​មិន​បាន​គិត​អំពី​សុវត្ថិភាព​របស់​អ្នក​ឲ្យ​បាន​ម៉ត់ចត់​នៅ​លើ​បណ្ដាញ​អ៊ីនធឺណិត​ទេ​នោះ។

អ្នក​ណាៗ​ក៏​អាច​នៅ​លើ​បណ្ដាញ​អ៊ីនធឺណិត​បាន​ដែរ ទាំង​មនុស្ស​អាក្រក់ ទាំង​មនុស្ស​ល្អ ទាំង​បុរស ទាំង​ស្ត្រី ទាំង​កុមារ ទាំង​អ្នក​មាន និង​អ្នក​ក្រ។ ដូច្នេះ រាល់​ទង្វើ និង​សកម្មភាព​របស់​អ្នក​នៅ​លើ​បណ្ដាញ​អ៊ីនធឺណិត គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​អ្នក ហើយ​បើ​អ្នក​ធ្វេសប្រហែស​តែ​បន្តិច ជន​ឆ្លៀត​ឱកាស​ក៏​នឹង​អាច​ឆបោក​អ្នក​បាន​ភ្លាម​ដែរ។

ប្រសិន​បើ​អ្នក​បាន​អាន​អត្ថបទ​ដកស្រង់​នៃ​គោលការណ៍​ទី​១ នោះ​លោក​អ្នក​នឹង​ជ្រាប​ថា គ្រាន់​តែ​អ្នក​ប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក​សរុប​នៅ​កម្ពុជា គិត​ត្រឹម​ឆ្នាំ​២០១៨ មាន​រហូត​ដល់ ៦​លាន ៨​សែន​គណនី ដែល​ចំនួន​នេះ​កើន​ឡើង​ស្ទើរ​ពាក់​កណ្ដាល​នៃ​ចំនួន​គណនី​ហ្វេសប៊ុក​នៅ​ឆ្នាំ​២០១៧ ដែល​កាល​នោះ​មាន ៤​លាន ៨​សែន​គណនី។

អាន​អត្ថបទ​ផ្សេង​ទៀត៖

ដោយ​ឃើញ​ពី​អត្ថប្រយោជន៍​នៃ​សៀវភៅ​ណែនាំ​ពី​ក្រម​សីលធម៌​នេះ Tech Khmer សូម​ដកស្រង់​ខ្លឹមសារ​ទាំងស្រុង​នៃ​គោលការណ៍​ទី​២ មក​បង្ហាញ​លោក​អ្នក​បន្ត​ទៀត​ដូច​ខាង​ក្រោម៖

គោលការណ៍​ទី​២៖ ការ​ទទួល​ខុស​ត្រូវ និង​ការ​គិត​ពី​សុវត្ថិភាព​ក្នុង​ការ​ប្រើប្រាស់​អ៊ីនធឺណិត

គោលការណ៍​នេះ គឺ​ផ្ដោត​លើ​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត គួរ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សុវត្ថិភាព​របស់​ខ្លួន និង​អ្នក​ប្រើប្រាស់​ដទៃ​នៅ​ពេល​ប្រើប្រាស់​អ៊ីនធឺណិត ពីព្រោះ​សុវត្ថិភាព​នៅ​លើ​អ៊ីនធឺណិត​ក៏​សំខាន់​ដូច​សុវត្ថិភាព​នៅ​ក្នុង​សង្គម​ជាក់ស្ដែង​ដែរ។

នៅ​ក្នុង​គោលការណ៍​ទី​២ នៃ​សៀវភៅ​ណែនាំ​ស្ដីពី​ក្រម​សីលធម៌​សម្រាប់​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​នេះ បែងចែក​ជា​ពីរ​ចំណុច គឺ​ចំណុច​ត្រូវ​ធ្វើ និង​ចំណុច​មិន​ត្រូវ​ធ្វើ​នៅ​លើ​អ៊ីនធឺណិត។

ចំណុច​ត្រូវ​ធ្វើ៖

  • ត្រូវ​ឈ្វេង​យល់​ពី​សុវត្ថិភាព និង​វិធី​រក្សា​សុវត្ថិភាព​ខ្លួន​អ្នក និង​ឧបករណ៍​អេឡិចត្រូនិក​របស់​អ្នក​នៅ​ពេល​ដែល​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត។ ឧទាហរណ៍៖ មិន​គួរ​បង្ហាញ​ទីតាំង​ដែល​ខ្លួន​កំពុង​ស្ថិត​នៅ​តាម​អ៊ីនធឺណិត។
  • ត្រូវ​កំណត់​លក្ខខណ្ឌ​សុវត្ថិភាព​គណនី ឬ​អ៊ីមែល​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ។ឧទាហរណ៍៖ ការ​ប្រើប្រាស់​ពាក្យ​សម្ងាត់​ដែល​អ្នក​ដទៃ​មិន​ងាយ​ទាយ​ត្រូវ និង​រក្សា​ទុក​វា​ឲ្យ​បាន​ត្រឹមត្រូវ។
  • ត្រូវ​បិទ​បាំង​ពាក្យ​សម្ងាត់​របស់​អ្នក ពេល​ដែល​អ្នក​កំពុង​វាយ​វា​បញ្ចូល (Log in)
  • ត្រូវ​ដាក់​ពាក្យ​សម្ងាត់ (password) ដែល​គេ​មិន​ងាយ​ស្មាន​ត្រូវ​សម្រាប់​ចាក់​សោ ឬ​បើក​ដំណើរការ​កុំព្យូទ័រ ទូរស័ព្ទ​ដៃ ឬ​ឧបករណ៍​អេឡិចត្រូនិក​របស់​អ្នក ដើម្បី​ការពារ​កុំ​ឲ្យ​អ្នក​ដទៃ​លួច​ប្រើប្រាស់ ឬ​ដើម្បី​រក្សា​សុវត្ថិភាព​ទិន្នន័យ​ក្នុង​ឧបករណ៍​ទាំងនោះ​ក្នុង​ករណី​វា​ត្រូវ​បាត់បង់។ ឧទាហរណ៍៖ កុំ​ដាក់​ពាក្យ​សម្ងាត់​ដែល​ជា​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​របស់​អ្នក ឬ​ពាក្យ​សម្ងាត់ ១២៣៤។ គួរ​ជ្រើសរើស​ពាក្យ​សម្ងាត់​ដែល​មាន​ប្រាំបី​ខ្ទង់​យ៉ាង​តិច ដោយ​មាន​លេខ អក្សរ​តូច អក្សរ​ធំ និង​និមិត្តសញ្ញា​នៅ​ក្នុង​នោះ។
  • ត្រូវ​បិទ ឬ​ចាក់​សោ​កុំព្យូទ័រ ទូរស័ព្ទ​ដៃ ឬ​ឧបករណ៍​អេឡិចត្រូនិក​ដទៃ​ទៀត​របស់​អ្នក នៅ​ពេល​ដែល​អ្នក​ចាកចេញ​ពី​កន្លែង​ធ្វើ​ការ ឬ​មិន​នៅ​ជាមួយ​ឧបករណ៍​ទាំងនោះ។
  • ត្រូវ​ផ្លាស់ប្ដូរ​ពាក្យ​សម្ងាត់​គណនី ឬ​អ៊ីមែល​របស់​អ្នក​ជា​បន្ទាន់ បើ​អ្នក​សង្ស័យ​ថា​វា​ត្រូវ​បាន​គេ​ប៉ុនប៉ង​លួច​កាន់កាប់ ឬ​លួច​ចូល​ប្រើប្រាស់។
  • ត្រូវ​ប្រើប្រាស់​កម្មវិធី​កម្ចាត់​មេរោគ​ដែល​មាន​ប្រសិទ្ធភាព ដើម្បី​រក្សា​សន្តិសុខ​ឧបករណ៍​អេឡិចត្រូនិក​របស់​អ្នក។
  • ឪពុក​ម្ដាយ ឬ​អាណាព្យាបាល ត្រូវ​យក​ចិត្ត​ទុក​ដាក់​អំពី​សុវត្ថិភាព​កូន​ចៅ​របស់​ខ្លួន ជាពិសេស​អនីតិជន​ក្នុង​ការ​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត។
  • ត្រូវ​យក​ចិត្ត​ទុក​ដាក់ និង​ប្រុងប្រយ័ត្ន​ចំពោះ​សកម្មភាព​បោកប្រាស់​តាម​អ៊ីនធឺណិត ដែល​ជា​ប្រភេទ​បទល្មើស​មួយ​ដែល​មាន​លក្ខណៈ​ស្មុគស្មាញ និង​ត្រូវ​ឈ្វេងយល់​ពី​វិធី​ការពារ​ខ្លួន​ពី​ការ​ឆបោក។
  • ប្រើប្រាស់​ឈ្មោះ​ពិត និង​គណនី​ពិត​ក្នុង​ការ​ប្រើប្រាស់​អ៊ីនធឺណិត ហើយ​ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ​អ្នក​ប្រើប្រាស់​ឈ្មោះ​ក្លែងក្លាយ​តាម​អ៊ីនធឺណិត។
  • ត្រូវ​ឈ្វេងយល់​ពី​ព្រំដែន​នៃ​សិទ្ធិ សេរីភាព និង​ការ​ទទួល​ខុស​ត្រូវ​របស់​អ្នក​ក្នុង​ការ​ប្រើប្រាស់​អ៊ីនធឺណិត។
  • ត្រូវ​បិទ (Sign out) គណនី និង​អ៊ីមែល​របស់​អ្នក ក្រោយ​ពេល​អ្នក​ឈប់​ប្រើ​ឧបករណ៍​អេឡិចត្រូនិក ឬ​កុំព្យូទ័រ​សាធារណៈ។
  • ត្រូវ​លុប ឬ​បំផ្លាញ​ចោល​នូវ​រាល់​ទិន្នន័យ​ដែល​អ្នក​លែង​ត្រូវការ​ប្រើប្រាស់។
  • ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន មុន​នឹង​ទទួល​មិត្តភ័ក្ដិ​ថ្មី​ម្នាក់ (new friend request) តាម​បណ្ដាញ​សង្គម​ដូចជា​ហ្វេសប៊ុក (Facebook) ជាពិសេស​មនុស្ស​ដែល​អ្នក​មិន​ធ្លាប់​ស្គាល់​ប្រវត្តិ។
  • ត្រូវ​រាយការណ៍​ទៅ​អ្នក​គ្រប់គ្រង អាណាព្យាបាល​របស់​អ្នក ឬ​សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ អំពី​អ្វី​ដែល​អ្នក​បាន​ជួប​ប្រទះ​នៅ​លើ​បណ្ដាញ​អ៊ីនធឺណិត ដែល​អ្នក​គិត​ថា​វា​អាច​បង្ក​អសន្តិសុខ​ដល់​ខ្លួន​អ្នក អ្នក​ដទៃ និង/ឬ​សង្គម​ជាតិ។
  • ត្រូវ​ប្រឹក្សា​យោបល់​ជាមួយ​អ្នក​ជំនាញ​ខាង​អ៊ីនធឺណិត និង​បច្ចេកវិទ្យា​ព័ត៌មាន និង​សារគមនាគមន៍ បើ​អ្នក​មាន​ចម្ងល់​ទាក់ទង​នឹង​សុវត្ថិភាព និង​សន្តិសុខ​របស់​អ្នក​ក្នុង​ការ​ប្រើប្រាស់​អ៊ីនធឺណិត។

អាន​អត្ថបទ​ផ្សេង​ទៀត៖

ចំណុច​មិន​ត្រូវ​ធ្វើ៖

  • មិន​ត្រូវ​អនុញ្ញាត​ឲ្យ​អ្នក​ដទៃ​ប្រើប្រាស់​គណនី អ៊ីមែល ឬ​ដឹង​ពាក្យ​សម្ងាត់​របស់​អ្នក​ទេ ព្រោះ​គេ​អាច​យក​វា​ទៅ​ប្រើប្រាស់​ក្នុង​ផ្លូវ​អវិជ្ជមាន​ដែល​អាច​នាំ​បញ្ហា​ដល់​អ្នក។
  • មិន​ត្រូវ​ប្រើ​ពាក្យ​សម្ងាត់​តែ​មួយ​ដូច​គ្នា​សម្រាប់​គណនី ឬ​អ៊ីមែល​របស់​អ្នក​ទាំងអស់។
  • មិន​ត្រូវ​កត់​ពាក្យ​សម្ងាត់​នៅ​លើ​ក្រដាស ឬ​ឯកសារ​ដែល​អ្នក​ដទៃ​អាច​រក​បាន។
  • មិន​ត្រូវ​បើក​អ៊ីមែល ទាញ​យក​ឯកសារ​ភ្ជាប់ ឬ​ចុច​លើ​តំណ​ភ្ជាប់​អ៊ីនធឺណិត​ដែល​អ្នក​មិន​ស្គាល់​ច្បាស់ ឬ​ដែល​គួរ​ឲ្យ​សង្ស័យ ព្រោះ​គេ​អាច​លួច (hack) គណនី និង​បញ្ចូល​មេរោគ​ទៅ​ក្នុង​ឧបករណ៍​អេឡិចត្រូនិក​របស់​អ្នក​បាន។
  • មិន​ត្រូវ​បើក​គណនី អ៊ីមែល ឬ​ឧបករណ៍​អេឡិចត្រូនិក​របស់​អ្នក​ចោល ពេល​អ្នក​មិន​នៅ​កន្លែង​ធ្វើ​ការ ឬ​នៅ​ទី​សាធារណៈ។
  • មិន​ត្រូវ​ទាញ​យក ឬ​បញ្ចូល​កម្មវិធី​ណា​ដែល​អ្នក​មិន​ស្គាល់​ប្រភព​ច្បាស់លាស់​ដាក់​ក្នុង​ឧបករណ៍​អេឡិចត្រូនិក​របស់​អ្នក​ឡើយ ព្រោះ​ឧបករណ៍​អេឡិចត្រូនិក​របស់​អ្នក​អាច​ឆ្លង​មេរោគ ឬ​អាច​ប្រឈម​មុខ​នឹង​ការ​លួច​ទិន្នន័យ ឬ​ប្រើប្រាស់។
  • មិន​ត្រូវ​ជ្រៀតជ្រែក​អ្នក​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​ដទៃ ព្រោះ​វា​ជា​ការ​បំពាន​ទៅ​លើ​អ្នក​ដទៃ។
  • មិន​ត្រូវ​ប្រើប្រាស់​អ៊ីនធឺណិត​ដើម្បី​បង្ក​ភាព​អសន្តិសុខ​ដល់​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​ដទៃ សង្គម​ជាតិ និង​ពិភពលោក។ ឧទាហរណ៍៖ ការ​ប្រើប្រាស់​អ៊ីនធឺណិត​ក្នុង​គោល​បំណង​ធ្វើ​ភេរវកម្ម​ដែល​បង្ក​ឲ្យ​មាន​ភាព​អសន្តិសុខ​នៅ​ក្នុង​សង្គម និង​ក្នុង​តំបន់​ជាដើម។
  • មិន​ត្រូវ​បង្ហាញ​ជា​សាធារណៈ​នូវ​ព័ត៌មាន​ផ្ទាល់​ខ្លួន ដូចជា​លេខ​លិខិត​ឆ្លងដែន ថ្ងៃ​ខែ​ឆ្នាំ​កំណើត អាសយដ្ឋាន លេខ​ទូរស័ព្ទ លេខ​អត្តសញ្ញាណប័ណ្ណ ស្លាក​លេខ​យាន​ជំនិះ លេខ​គណនី​ធនាគារ ទីតាំង​ដែល​អ្នក​កំពុង​ស្ថិត​នៅ កាត​ធនាគារ​នៅ​លើ​អ៊ីនធឺណិត ឬ​ហ្វេសប៊ុក ពីព្រោះ​គេ​អាច​ប្រើប្រាស់​ព័ត៌មាន​ទាំងនោះ​ទៅ​ធ្វើ​សកម្មភាព​ដែល​អាច​នាំ​ឲ្យ​អ្នក​មាន​គ្រោះថ្នាក់ និង​ខូច​ប្រយោជន៍។
  • មិន​ត្រូវ​ទុក​ចិត្ត ឬ​ជឿ​ពាក្យ​លួងលោម​របស់​បុគ្គល​ដែល​អ្នក​បាន​ស្គាល់​តាម​អ៊ីនធឺណិត ព្រោះ​អ្នក​អាច​ក្លាយ​ជា​ជន​រងគ្រោះ​ដោយ​ការ​ឆបោក ការ​ចាប់​ជំរិត ឬ​ឃាតកម្ម។

ប្រសិន​បើ​លោក​អ្នក​ចង់​យល់​ដឹង​បន្ថែម សូម​ចុច​ត្រង់​នេះ ដើម្បី​ទាញ​យក​សៀវភៅ​នេះ​ទាំងមូល​ជា​ទម្រង់ PDF

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​បាន​ដឹង​ផង។ សូម​អរគុណ!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

ជុំ រ៉ាស៊ី
លោក ជុំ រ៉ាស៊ី គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា។ គាត់​ចូលចិត្ត​បច្ចេកវិទ្យា ដូច្នេះ​គាត់​សិក្សា​ពី​វា និង​ចែក​រំលែក​គ្រប់​យ៉ាង​ពី​វា​ទៅ​កាន់​មនុស្ស​ទូទៅ។ គាត់​សង្ឃឹម​ថា​ការ​ចែក​រំលែក​នេះ​នឹង​ក្លាយ​ជា​ដើមទុន​ចំណេះដឹង​សម្រាប់​សិស្ស​ដែល​ចង់​ចាប់​យក​ជំនាញ​បច្ចេកវិទ្យា និង​ជា​ជំនួយ​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​បន្ថែម​របស់​និស្សិត​ផ្នែក​បច្ចេកវិទ្យា ព្រម​ទាំង​ជា​ចំណេះដឹង​ទូទៅ​ដល់​មនុស្ស​សាមញ្ញ​ផង​ដែរ។ ម្នាក់​បន្តិច នោះ​នឹង​បាន​ច្រើន!