អង្គការ ខេប (Kampuchean Action for Primary Education, KAPE) ដែលធ្វើការលើវិស័យអប់រំ បានបង្កើតកម្មវិធីទូរស័ព្ទឆ្លាតវៃ ដើម្បីផ្ដល់ប្រឹក្សា និងតម្រង់ទិសសិស្សានុសិស្សឲ្យជ្រើសរើសជំនាញសិក្សាដោយផ្អែកលើមុខវិជ្ជាដែលខ្លួនពូកែ និងតាមបុគ្គលិកលក្ខណៈរបស់ខ្លួន។
កម្មវិធីប្រឹក្សាយោបល់តាមប្រព័ន្ធអេឡិចត្រូនិកនេះ មានឈ្មោះថា ត្រីវិស័យ (Trey Visay)។ ក្រៅពីផ្ដល់ប្រឹក្សា និងតម្រង់ទិសក្នុងការជ្រើសរើសជំនាញ សិស្សានុសិស្សក៏អាចមើលព័ត៌មានអំពីសាលា និងលេខទំនាក់ទំនងរបស់សាលានីមួយៗបានយ៉ាងងាយស្រួលផងដែរ។
សិស្សម្នាក់ៗអាចបង្កើតគណនីផ្ទាល់ខ្លួនដើម្បីចូលទៅក្នុងកម្មវិធី ដែលអាចកំណត់ភាពខ្លាំង និងភាពខ្សោយរបស់ខ្លួន ស្វែងរកការងារជាច្រើននៅប្រទេសកម្ពុជា និងមើលវីដេអូអំពីការងារផ្សេងៗ។ ជាចុងក្រោយ សិស្សអាចកំណត់អត្តសញ្ញាណ និងជ្រើសរើសយកអាជីពដែលមានសក្ដានុពលសម្រាប់អនាគតរបស់ពួកគេ។
ទោះយ៉ាងណាក៏ដោយ កម្មវិធី ត្រីវិស័យ នេះទើបតែមាននៅលើទូរស័ព្ទប្រើប្រព័ន្ធប្រតិបត្តិការ Android ប៉ុណ្ណោះ ហើយសង្ឃឹមថានឹងមាននៅលើប្រព័ន្ធប្រតិបត្តិការ iOS ឆាប់ៗនេះ។
អានអត្ថបទផ្សេងទៀត៖
- ក្រសួងអប់រំ បង្កើតកម្មវិធីទូរស័ព្ទ (App) ជួយសិស្សថ្នាក់ទី១២ ដើម្បីត្រៀមប្រឡងបាក់ឌុប
- កម្មវិធីផ្ដល់អនុសាសន៍ក្នុងការជ្រើសរើសជំនាញសិក្សានៅថ្នាក់មហាវិទ្យាល័យ
- របៀបឆែកមើលថាតើមានគេលួច hack ចូលគណនីហ្វេសប៊ុកយើងដែរឬអត់?
ហេតុអ្វីត្រូវបង្កើតត្រីវិស័យ App (Trey Visay App) នៅកម្ពុជា?
ពីរភាគបីនៃយុវជន មិនបានទទួលការប្រឹក្សាយោបល់នៅសាលារៀន។ បុគ្គលិកជាច្រើននាក់នៅតាមសាលារៀន មិនបានដឹងថាមានមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈនៅតាមស្រុក ឬខេត្តរបស់ខ្លួន និង ៥៦% នៃយុវជនបានប្រាប់ថា ពួកគេពុំមានជនគំរូដើម្បីធ្វើតាម។ ចំនួន ២៩% នៃយុវជននៅក្នុងសាលា ហាក់បីដូចជាមានបំណងចង់ចំណាកស្រុក។
យុវជនជាច្រើនមានការស្ទាក់ស្ទើរក្នុងការកំណត់ និង ជ្រើសរើសអាជីពមួយឲ្យសមស្របទៅនឹងសមត្ថភាព ឬទេពកោសល្យរបស់ពួកគេ។ ដូច្នេះ ត្រីវិស័យ App នឹងជួយ សម្រួលដល់យុវជនក្នុងការសម្រេចចិត្ត និងជ្រើសរើសអាជីពនាពេលអនាគតរបស់ពួកគេឲ្យកាន់តែមានភាពងាយស្រួល។ នេះបើតាមការចុះផ្សាយនៅលើវែបសាយរបស់អង្គការនេះ។
តើអង្គការ ខេប ជានរណា?
អង្គការ ខេប កំពុងធ្វើការងារជាមួយ និងឧបត្ថម្ភគាំទ្រការអប់រំដល់កុមារ និងប្រជាជនវ័យក្មេងកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៩។ ការងារចាប់ផ្តើមដំបូងឡើយ គឺធ្វើការជាមួយសាលាបឋមសិក្សា ហើយមកដល់បច្ចុប្បន្ន អង្គការ ខេប បានធ្វើការក្នុងវិសាលភាពអប់រំទាំងមូល គឺចាប់ពីបឋមសិក្សា មធ្យមសិក្សាដល់មហាវិទ្យាល័យ និងឧត្ដមសិក្សា ដែលស្ថិតនៅក្នុងខេត្តកំពង់ចាម។ បច្ចុប្បន្ននេះ អង្គការ ខេប មានគម្រោងកំពុងប្រតិបត្តិការនៅជាង ១៣ខេត្ត–ក្រុង និង ៣០ស្រុក ហើយមានអ្នកទទួលផលជាង ១៥០.០០០នាក់។
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់លោកអ្នកបានដឹងផង។ សូមអរគុណ!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕