ថ្មីៗនេះ មនុស្សជាង ១លាននាក់បានទាញយកកម្មវិធីក្លែងក្លាយមួយដែលមានឈ្មោះដូចនឹងកម្មវិធី WhatsApp ពី Google Play Store ដំឡើងលើទូរស័ព្ទអែនឌ្រោយ (Android)។ កម្មវិធីក្លែងក្លាយនេះ ត្រូវបានរកឃើញថា មានឈ្មោះដូចគ្នាបេះបិទទៅនឹងកម្មវិធីដ៏ល្បី និងពេញនិយម គឺ WhatsApp Messaging Application។
កម្មវិធីក្លែងក្លាយដែលបានគ្រប់គ្រងទៅលើអ្នកប្រើប្រាស់ទូរស័ព្ទអែនឌ្រោយ (Android) ជាង ១លានគ្រឿងនោះ មានឈ្មោះថា Update WhatsApp Messenger។ អ្វីដែលគ្រោះថ្នាក់បំផុតនោះដែលធ្វើឲ្យលោកអ្នកយល់ច្រឡំនោះ គឺកម្មវិធីក្លែងក្លាយនេះបានបង្ហាញថា ខ្លួនបង្កើតឡើងដោយក្រុមហ៊ុន WhatsApp Inc ដែលជាឈ្មោះពិតប្រាកដរបស់ក្រុមហ៊ុនបង្កើតកម្មវិធី WhatsApp។
ចំណុចសំខាន់ដែលលោកអ្នកត្រូវចងចាំចំពោះកម្មវិធីពិតប្រាកដ គឺសញ្ញាចុច (.) ដែលនៅជាប់គ្នានឹងអក្សរ Inc គឺឈ្មោះ “WhatsApp Inc.“។ ចំពោះកម្មវិធីក្លែងក្លាយ បានបន្លំដាក់ឈ្មោះក្រុមហ៊ុនបង្កើតកម្មវិធីស្ទើរតែដូចគ្នា ប៉ុន្តែមានចន្លោះមួយរវាងអក្សរ Inc និងសញ្ញាចុច (.) គឺ “WhatsApp Inc .” ឬដាក់សញ្ញាក្បៀសនៅខាងក្រោយអក្សរ Inc (WhatsApp Inc,) ជាដើម។
ដើម្បីសុវត្ថិភាព មុននឹងដំឡើងកម្មវិធីនេះ សូមលោកអ្នកឆែកមើលពិន្ទុរបស់កម្មវិធី ឈ្មោះក្រុមហ៊ុនដែលបង្កើត កំណែរបស់កម្មវិធី (Version Number) ចំនួនអ្នកទាញយក (1 Billion download not 1 million download) ជាពិសេសនោះ គឺឆែកមើលពីវែបសាយផ្លូវការដោយផ្ទាល់ (official website address)។
សូមជួយចែករំលែកព័ត៌មាននេះទៅកាន់មិត្តភ័ក្ដិរបស់លោកអ្នក ឲ្យដឹងអំពីបញ្ហានេះ ដើម្បីសុវត្ថិភាពទាំងអស់គ្នា។ សូមអរគុណ!